ព្រះត្រៃបិដក ភាគ ០១
មានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយសាវកទាំងឡាយមានញាណកើតពិតហើយ ព្រោះហេតុថាសាវកនឹងដឹង ឬឃើញសាមណេរីបែបនេះ ឬថានឹងធ្វើនូវសាមណេរីបែបនេះឲ្យជាបន្ទាល់ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ តថាគតបានឃើញតាំងពីក្នុងកាលមុនរួចមកហើយដែរ តែតថាគតមិនបានសំដែងប្រាប់ ព្រោះថាបើតថាគតសម្តែងប្រាប់ទៅជនទាំងឡាយឯទៀតគេក៏មិនជឿ ពួកជនណាដែលមិនជឿពាក្យតថាគត សេចក្តីដែលមិនជឿនោះនឹងនាំឲ្យបាននូវកម្មមិនមែនជាប្រយោជន៍ នឹងនាំឲ្យបានសេចក្តីទុក្ខអស់កាលយូរអង្វែងដល់ជនទាំងនោះ ម្នាលភិក្ខុទាំងឡាយ សាមណេរីនុ៎ះ ជាសាមណេរីបាបក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប ដោយកម្មវិបាកនោះ សាមណេរីនោះឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺថាអស់រយ-ពាន់-សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះ ទើបបានមកសោយផលកម្មដែលត្រឡប់បាននូវអត្តភាពបែបនេះ ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ។
ID: 636775647333878502
ទៅកាន់ទំព័រ៖