ព្រះត្រៃបិដក ភាគ ០១
បាក់ទ័ព (បរាជ័យ) បានហើយ។ ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីបានជាព្រះមហាមោគ្គល្លានពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះបាទពិម្ពិសារ ទ្រង់ផ្ចាញ់ពួកសេ្តចលិច្ឆវីបានហើយ ក៏ទ្រង់ឲ្យទូងវិជយភេរីទៅក្នុងទីសង្គ្រាម ដោយប្រកាសសេចក្តីថា ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ)។ ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទពិម្ពិសារទ្រង់បាក់ទ័ព (បរាជ័យចាញ់) ពួកស្តេចលិច្ឆវីជាន់ដំបូង លុះកាលជាខាងក្រោយ ស្តេចទ្រង់ឲ្យកេណ្ឌប្រមូលពួកសេនាបាន ទើបផ្ចាញ់ពួកស្តេចលិច្ឆវីបានវិញ ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ។
[២៩៨] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយមក ហើយប្រាប់ថា ម្នាលអាវុសោទាំងឡាយ ថ្ងៃនេះ ខ្ញុំបានចូលសមាធិ ឥតមានកំរើកប្រែប្រួល ទៀបឆ្នេរស្ទឹងឈ្មោះសប្បិនិកា បានឮសូរសម្រែកដំរីទាំងឡាយ ដែលកំពុងតែចុះឡើង ស្រែកបន្លឺកោញ្ចនាទ
(១) ។
(១) ដាក់ប្រមោយក្នុងមាត់ ជញ្ជួចឮសូរដូចជាសម្រែកក្រៀល។
ID: 636775648901818183
ទៅកាន់ទំព័រ៖