ព្រះត្រៃបិដក ភាគ ០១
និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគតមិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោកទទួល ឬអញ្ជើញហៅរកឲ្យអង្គុយលើអាសនៈនោះឡើយ ម្នាលព្រាហ្មណ៍ ព្រោះថាបើតថាគតសំពះអ្នកណា ឬក្រោកទទួលអ្នកណា ឬអញ្ជើញហៅរកអ្នកណាឲ្យអង្គុយលើអាសនៈ ក្បាលរបស់អ្នកនោះ នឹងដាច់ធ្លាក់ចេញចាក-ក ។ វេរញ្ជព្រាហ្មណ៍ ក៏ពោលពាក្យច្រឡោះបោះទៅរកព្រះសាស្តាថា ព្រះគោតមដ៏ចម្រើន ជាមនុស្សសោះកក្រោះ ឥតរសជាតិទេតើ ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតមជាមនុស្សសោះកក្រោះ ឥតរសជាតិ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះរសជាតិ គឺ រូប សម្លេង ក្លិន ឳជារស សម្ផស្ស ទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឲ្យអស់រលីងដូចជាដើមត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥតរសជាតិនោះ គឺត្រូវត្រង់ហេតុនេះឯង
ID: 636774003464453904
ទៅកាន់ទំព័រ៖