ព្រះត្រៃបិដក ភាគ ០១
យើងនឹងអនុញ្ញាតអ្នកកំពុងរស់នៅ ឲ្យចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន សុទិន្នកូន អ្នកចូរក្រោកឡើងបរិភោគបាយ ផឹកទឹក និងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក និងឲ្យគេបំរើហើយ ចូរបរិភោគកាមនិងធ្វើបុណ្យចុះ យើងមិនព្រមអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ។ កាលបើមាតាបិតាពោលយ៉ាងនេះហើយ សុទិន្នកលន្ទបុត្រក៏ស្ងៀមនៅ។ ឯមាតាបិតាសុទិន្នកលន្ទបុត្រនិយាយលួងលោមសុទិន្នកលន្ទបុត្រពីរដង។បេ។ បីដងថា នែសុទិន្នកូន អ្នកឯងជាកូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តយើង ធ្លាប់ចំរើនដោយសេចក្តីសុខ មានទាំងស្រីពីលៀងថែរក្សាសប្បាយ សុទិន្នកូន អ្នកឯងមិនដែលស្គាល់សេចក្តីទុក្ខតិចតួចសោះ ទោះបីអ្នកឯងស្លាប់ទៅក្តី យើងមិនចង់ឲ្យព្រាត់ប្រាសចាកអ្នកឯងឡើយ យើងនឹងអនុញ្ញាតដល់អ្នកកំពុងរស់នៅឲ្យចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន សុទិន្នកូន អ្នកចូរក្រោកឡើងបរិភោគបាយ ផឹកទឹក និងឲ្យគេបំរើទៅ កាលបរិភោគបាយ ផឹកទឹក និងឲ្យគេបំរើហើយ ចូរបរិភោគកាម និងធ្វើបុណ្យតាមប្រាថ្នាចុះ យើងមិនព្រមអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ។ សុទិន្នកលន្ទបុត្រក៏ស្ងៀមនៅទៅវិញជាគំរប់បីដង។
ID: 636774043837803127
ទៅកាន់ទំព័រ៖