ព្រះត្រៃបិដក ភាគ ០១
[១៣] លំដាប់នោះ ពួកសំឡាញ់សុទិន្នកលន្ទបុត្របាននាំគ្នាចូលទៅនិយាយអង្វរសុទិន្នកលន្ទបុត្រ ថា នែសុទិន្នសំឡាញ់ អ្នកឯងជាកូនប្រុសតែមួយ ហើយជាទីស្រឡាញ់ពេញចិត្តរបស់មាតាបិតា ធ្លាប់បានសេចក្តីសុខ មានទាំងស្រីពីលៀងថែរក្សាសប្បាយ នែសុទិន្នសំឡាញ់ អ្នកឯងមិនធ្លាប់ស្គាល់សេចក្តីលំបាកតិចតួចសោះទេ ទោះបីអ្នកស្លាប់ទៅក្តី មាតាបិតារបស់អ្នក ក៏មិនចង់ឲ្យព្រាត់ប្រាសចាកអ្នកឡើយ មាតាបិតាទាំងឡាយរបស់អ្នកនឹងអនុញ្ញាតអ្នកដែលកំពុងរស់នៅឲ្យចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន នែសុទិន្នសំឡាញ់ ចូរអ្នកក្រោកឡើង បរិភោគបាយ ផឹកទឹក ឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយចំណី ផឹកទឹកឲ្យគេបំរើខ្លួនហើយ និងបរិភោគនូវកាមទាំងឡាយ ធ្វើបុណ្យ (ឲ្យទាន) រីករាយសប្បាយតាមសេចក្តីប្រាថ្នាចុះ មាតាបិតាទាំងឡាយរបស់អ្នក មិនព្រមអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ។ កាលបើពួកសំឡាញ់របស់សុទិន្នពោលពាក្យយ៉ាងនេះហើយ សុទិន្នកលន្ទបុត្រក៏នៅស្ងៀម។ ពួកសំឡាញ់របស់សុទិន្នកលន្ទបុត្របានពោលនូវពាក្យនេះនឹង សុទិន្នកលន្ទបុត្រពីរដង។បេ។
ID: 636774044173192310
ទៅកាន់ទំព័រ៖