ព្រះត្រៃបិដក ភាគ ០១
បីដងថា នែសុទិន្នសំឡាញ់ អ្នកឯង។បេ។ សុទិន្នកលន្ទបុត្រក៏នៅស្ងៀមអស់វារៈជាគំរប់បីដង។ គ្រានោះឯង មាតាបិតាទាំងឡាយរបស់សុទិន្នកលន្ទបុត្រនៅក្នុងទីណា សំឡាញ់ទាំងឡាយរបស់សុទិន្នកលន្ទបុត្រក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ បានពោលនូវពាក្យនេះនឹងមាតាបិតាទាំងឡាយនៃសុទិន្នកលន្ទបុត្រថា បពិត្រលោកម្តាយ លោកឪពុក សុទិន្ននេះដេកនៅលើផែនដី រកគ្រឿងកំរាលអ្វីគ្មានសោះទេ ហើយគិតថា សេចក្តីស្លាប់ក្តី បព្វជ្ជាក្តី នឹងមានដល់អញក្នុងទីនេះឯង បើលោកទាំងឡាយមិនព្រមអនុញ្ញាតឲ្យសុទិន្នចេញចាកផ្ទះហើយបួស ក្នុងព្រះពុទ្ធសាសនាទេ សុទិន្ននឹងដល់នូវសេចក្តីស្លាប់ក្នុងទីនោះមិនខានឡើយ ប្រសិនណាបើលោកទាំងឡាយព្រមអនុញ្ញាតឲ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង ព្រះពុទ្ធសាសនា គង់តែនឹងបានឃើញមុខសុទិន្ន ដែលនៅជាអ្នកបួសតទៅ បើសុទិន្នមិនត្រេកអរក្នុងបព្វជ្ជាហើយ គតិរបស់សុទិន្ននោះប្រព្រឹត្តទៅក្នុងទីដទៃដូចម្តេចបាន មុខជានឹងត្រឡប់មកក្នុងទីនេះវិញមិនខាន ដូច្នេះសូមលោកទាំងឡាយអនុញ្ញាតឲ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង ព្រះពុទ្ធសាសនា។ មាតាបិតាទាំងឡាយនៃសុទិន្នក៏ពោលថា ម្នាលអ្នកទាំងឡាយ យើងទាំងឡាយព្រមអនុញ្ញាតឲ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង ព្រះពុទ្ធសាសនាចុះ។
ID: 636774044527532578
ទៅកាន់ទំព័រ៖