ព្រះត្រៃបិដក ភាគ ០១
ប្រដាប់ដោយបាត្រនិងចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់កលន្ទគ្រាមដើម្បីបិណ្ឌបាត កាលដើរទៅដើម្បីបិណ្ឌបាតតាមលំដាប់ផ្ទះក្នុងកលន្ទគ្រាម លំនៅនៃបិតារបស់ខ្លួននៅក្នុងទីណា ក៏ចូលទៅក្នុងទីនោះ។ ក៏ក្នុងសម័យនោះឯង ទាសីរបស់ញាតិនៃសុទិន្នភិក្ខុដ៏មានអាយុ មានប្រាថ្នាដើម្បីចោលនំកុម្មាសផ្អូម។ គ្រានោះ សុទិន្នភិក្ខុដ៏មានអាយុនិយាយនឹងខ្ញុំស្រីរបស់ញាតិនោះថា ម្នាលនាងទាសី បើនំនោះជារបស់ចោលហើយ ចូរនាងចាក់ដាក់មកក្នុងបាត្រអាត្មានេះវិញ។ លំដាប់នោះ ខ្ញុំស្រីនៃញាតិរបស់សុទិន្នដ៏មានអាយុ ក៏ចាក់នំកុម្មាសផ្អូមនោះទៅក្នុងបាត្ររបស់សុទិន្ន ហើយបានស្គាល់ជាក់នូវដៃជើង និងសំឡេងរបស់សុទិន្ននោះច្បាស់។ វេលានោះ មាតារបស់សុទិន្នដ៏មានអាយុនៅក្នុងទីណា ខ្ញុំស្រីរបស់ញាតិនៃសុទិន្នដ៏មានអាយុក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ក៏និយាយនឹងមាតារបស់សុទិន្នដ៏មានអាយុថា បពិត្រអ្នកម្ចាស់ សូមអ្នកជ្រាប សុទិន្នជាអយ្យបុត្រនិមន្តមកដល់ហើយ។ មាតារបស់សុទិន្នឆ្លើយថា នែហង បើហងឯងនិយាយពាក្យពិតមែន អញនឹងឲ្យហងរួចជាអ្នកជា។ សម័យនោះឯង សុទិន្នភិក្ខុដ៏មានអាយុក៏ឆាន់នំកុម្មាសផ្អូមនោះប្របជញ្ជាំងសាលា១។ ចំណែកខាងបិតារបស់សុទិន្នមកពីធ្វើការងារវិញ
ID: 636774046004287043
ទៅកាន់ទំព័រ៖