ព្រះត្រៃបិដក ភាគ ០១
ក៏បានឃើញសុទិន្នកំពុងឆាន់នំកុម្មាសផ្អូមនោះប្របជញ្ជាំងសាលា លុះឃើញហើយ សុទិន្នភិក្ខុនៅក្នុងទីណា (បិតានោះ) ក៏ចូលទៅក្នុងទីនោះ លុះចូលទៅហើយ ក៏និយាយនឹងសុទិន្នដ៏មានអាយុថា នែសុទិន្នកូន យើងជាអ្នកមានទ្រព្យសម្បត្តិច្រើន ថ្វីក៏លោកមកឆាន់នំកុម្មាសផ្អូមវិញ សុទិន្នកូនគួរតែលោកទៅឯផ្ទះរបស់ខ្លួនវិញ។ សុទិន្នភិក្ខុឆ្លើយថា បពិត្រគហបតី អាត្មាបានទៅឯផ្ទះញោមហើយ នំកុម្មាសផ្អូមនេះ អាត្មាបានពីផ្ទះនោះមក។ លំដាប់នោះ បិតាសុទិន្នភិក្ខុក៏ចាប់កំភួនដៃសុទិន្នភិក្ខុ ហើយនិយាយនឹងសុទិន្នថា សុទិន្នកូន លោកចូរមក យើងនឹងទៅផ្ទះ។ លំដាប់នោះ លំនៅបិតារបស់ខ្លួននៅក្នុងទីណា សុទិន្នដ៏មានអាយុក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេបានក្រាលប្រគេន។ បិតាក៏និយាយនឹងសុទិន្នក្នុងពេលនោះថា សុទិន្នកូន សូមលោកនិមន្តឆាន់ចង្ហាន់។ សុទិន្នឆ្លើយថា ណ្ហើយគហបតី ថ្ងៃនេះអាត្មាភាពឆាន់រួចហើយ។ បិតាឆ្លើយថា សុទិន្ន សូមលោកនិមន្តទទួលចង្ហាន់ក្នុងថ្ងៃស្អែក។ សុទិន្នភិក្ខុក៏ទទួលនិមន្តដោយតុណ្ហីភាព។ សុទិន្នភិក្ខុក៏ក្រោកចាកអាសនៈ ហើយនិមន្តទៅក្នុងពេលនោះឯង។
ID: 636774046284863091
ទៅកាន់ទំព័រ៖