ព្រះត្រៃបិដក ភាគ ០១

ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ ​ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ​ ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ ​គ្មាន​គ្រឿង​បរិភោគ​ទេតើ​ ​។​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​ ​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្ស​គ្មាន​គ្រឿង​បរិភោគ​ ​ដែលគេ​ថា​នោះ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ពីព្រោះ​គ្រឿង​បរិភោគ​ ​គឺ​ ​រូប​ ​សម្លេង​ ​ក្លិន​ ​រស​ ​សម្ផស្ស​ទាំងប៉ុន្មាន​នោះ​ ​តថាគត​បាន​លះ​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ឲ្យអស់​រលីង​ ​ដូចជា​ដើមត្នោត​ដែលគេ​ក្របែល​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅ​ទៀ​តង​ហើយ​ ​ជា​ធម៌​លែង​មាន​បែប​ ​ភាព​តទៅទៀត​ហើយ​ ​ជា​ធម៌​មិន​មានកំណើត​តទៅ​ខាងមុខ​ទៀត​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្ស​គ្មាន​គ្រឿង​បរិភោគ​នោះ​ ​គឺជា​សំដី​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ ​ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ​ ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ជា​អ្នកពោល​ពាក្យ​ឃាត់​កិច្ចការ​ ​ថា​មិន​ត្រូវ​ធ្វើ​ទេតើ​ ​។​ ​

ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636774003831414893
ទៅកាន់ទំព័រ៖