ព្រះត្រៃបិដក ភាគ ០១

​សុទិន្ន​ភិក្ខុ​ឆ្លើយ​ថា​ ​នែ​ប្អូនស្រី​ ​អាត្មា​មិនបាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ដើម្បី​ស្រី​អប្សរ​ទាំងនោះ​ទេ​។​ ​វេលា​នោះ​ ​ស្រី​បុរាណ​ទុតិយិកា​របស់​សុទិន្ន​ភិក្ខុ​ក៏​នឹក​ទោមនស្ស​តូចចិត្ត​ថា​ ​តាំងពី​ថ្ងៃនេះ​ទៅ​ ​លោក​សុទិន្ន​អយ្យ​បុត្រ​គ្រាន់តែ​ហៅ​អញ​ថា​ប្អូន​ស្រី​ៗ​ប៉ុណ្ណោះទេ​ ​ដូច្នេះហើយ​ក៏​ជ្រប់​ដួល​ដេក​ក្នុង​ទីនោះ​ឯង​។​ ​គ្រានោះ​ ​សុទិន្ន​ដ៏​មាន​អាយុ​ទើប​និយាយ​ពាក្យ​នេះ​នឹង​បិតា​ថា​ ​គហបតី​ ​បើ​ញោម​មាន​ភោជន​ ​គួរ​នឹង​ឲ្យ​ទាន​ ​អាត្មា​បាន​សូម​ញោម​ឲ្យ​ទាន​មក​ចុះ​ ​កុំ​ធ្វើ​អាត្មា​ឲ្យ​លំបាក​ពេក​ឡើយ​។​ ​បិតា​សុទិន្ន​ឆ្លើយ​ថា​ ​សុទិន្ន​កូន​ ​ភោជនាហារ​នោះ​មាន​ ​សូម​លោកនិមន្ត​ឆាន់​ចុះ​។​ ​វេលា​នោះ​ ​មាតាបិតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​បាន​ចាត់ចែង​ចង្ហាន់​ដ៏​ឆ្ងាញ់​ពិសារ​ឲ្យ​ ​សុទិន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ឆាន់​ដោយដៃ​ខ្លួនឯង​។​ ​សម័យ​នោះ​ឯង​ ​មាតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​បាន​និយាយ​នឹង​សុទិន្ន​ភិក្ខុ​នៅ​វេលា​ឆាន់​រួចហើយ​ ​លែង​លូកដៃ​ទៅ​ក្នុង​បាត្រ​ហើយ​ថា​ ​នែ​សុទិន្ន​កូន​ ​ត្រកូល​នេះ​ស្តុកស្តម្ភ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាសប្រាក់​បរិបូណ៌​ ​មាន​គ្រឿងឧបករណ៍​បរិបូណ៌​ ​មាន​ស្រូវ​អង្ករ​បរិបូណ៌​ ​នែ​សុទិន្ន​កូន​ ​សូម​លោកនិមន្ត​សឹក​ចេញ​ជា​គ្រហស្ថ​មក​ ​នឹង​បាន​ប្រើប្រាស់​នូវ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ឲ្យ​ទាន​ផង​ ​សុទិន្ន​កូន​ ​សូម​លោកនិមន្ត​សឹក​ចេញ​ជា​គ្រហស្ថ​មក​ ​ហើយនឹង​ចាយវាយ​នូវ​សម្បត្តិ​ទាំងឡាយ​ ​ធ្វើបុណ្យ​ឲ្យ​ទាន​ចុះ​។​ ​

ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636774047770008037
ទៅកាន់ទំព័រ៖