ព្រះត្រៃបិដក ភាគ ០១

សុទិន្ន​ភិក្ខុ​ឆ្លើយ​ថា​ ​ញោម​ ​អាត្មា​មិន​អាច​ហ៊ាន​ ​(​ធ្វើ​យ៉ាងនោះ​ទេ​)​ ​អាត្មា​ត្រេកអរ​ចំពោះតែ​ត្រង់​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​តែ​ម្យ៉ាង​។​ ​មាតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​បាន​និយាយ​ពាក្យ​នេះ​នឹង​សុទិន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ជា​គំរប់​បីដង​ផង​ថា​ ​សុទិន្ន​កូន​ ​ត្រកូល​នេះ​ស្តុកស្តម្ភ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាសប្រាក់​បរិបូណ៌​ ​មាន​គ្រឿងឧបករណ៍​បរិបូណ៌​ ​មាន​ស្រូវ​អង្ករ​បរិបូណ៌​ ​សុទិន្ន​កូន​ ​បើដូច្នេះ​ ​សូម​លោក​អាណិត​គ្រាន់តែ​ឲ្យ​ពូជ​បន្តិច​ចុះ​ ​កុំ​ឲ្យ​ពួក​ស្តេច​លិ​ច្ឆ​វី​មក​រឹបជាន់​ ​យក​ទ្រព្យសម្បត្តិ​ជា​របស់​យើង​ ​ដែល​ជា​ត្រកូល​ឥត​កូន​នោះ​ឡើយ​។​ ​សុទិន្ន​ភិក្ខុ​ឆ្លើយ​ថា​ ​ញោម​ ​បើ​គ្រាន់តែ​ធ្វើ​កិច្ច​ប៉ុណ្ណេះ​ ​អាត្មា​អាច​ធ្វើឲ្យ​បាន​។​ ​មាតា​សុទិន្ន​សួរ​ថា​ ​សុទិន្ន​កូន​ ​ឥឡូវនេះ​លោក​គង់នៅ​ឯណា​។​ ​សុទិន្ន​ភិក្ខុ​តប​ថា​ ​ញោម​ ​អាត្មា​នៅក្នុង​ព្រៃ​មហា​វន​។​ ​គ្រានោះ​ឯង​ ​សុទិន្ន​ដ៏​មាន​អាយុ​ ​ក៏​ក្រោក​ចាក​អាសនៈ​ហើយ​ចេញ​ដើរទៅ​។​ ​
 [​១៧​]​ ​គ្រានោះ​ ​មាតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​ហៅ​នាង​បុរាណ​ទុតិយិកា​របស់​សុទិន្ន​ដ៏​មាន​អាយុ​មក​ ​ហើយ​និយាយ​ថា​ ​ម្នាលនាង​កូនប្រសា​ ​បើកាលណា​នាង​មាន​រដូវ​ហើយ​ ​ផ្កា​គឺ​ឈាម​របស់​នាង​កើតឡើង​ហើយ​ ​នាង​ត្រូវ​ប្រាប់​ដល់​ម៉ែ​ក្នុង​កាលនោះ​។​ ​នាង​បុរាណ​ទុតិយិកា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ ​បាន​ទទួលពាក្យ​មាតា​របស់​សុទិន្ន​ដ៏​មាន​អាយុ​ថា​ ​ចា៎ស​ម៉ែ​។​ ​

ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636774048260216075
ទៅកាន់ទំព័រ៖