ព្រះត្រៃបិដក ភាគ ០១
ចាតុម្មហារាជិកាទេវតាទាំងឡាយឮសំឡេងភុម្មទេវតាទាំងនោះហើយ ក៏ញុំាងសំឡេងឲ្យឮឡើងទៅ ពួកទេវតាជាន់តាវតឹង្ស យាមា តុសិតា និម្មានរតី បរនិម្មិតវសវត្តី (រហូតដល់) ពួកព្រហ្ម (បានឮសំឡេងតៗគ្នាមកហើយ) ក៏ញុំាងសំឡេងឲ្យឮឡើងៗទៅថា ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រ មកធ្វើសេចក្តីវឹកវរ និងទោសឲ្យកើតឡើងហើយ។ សូរសព្ទ (យ៉ាងនេះ) ក៏ឮកងរំពងឡើងទៅដរាបដល់ព្រហ្មលោកដោយ១ខណៈ ១រំពេចនោះឯង។ គ្រានោះ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ អាស្រ័យគភ៌នោះកាន់តែចាស់ឡើងជាលំដាប់ ទើបសំរាលនូវកូនប្រុសមួយ។ លំដាប់នោះ ពួកសំឡាញ់សុទិន្នដ៏មានអាយុ បានតាំងឈ្មោះទារកនោះថា ពីជក បានតាំងឈ្មោះនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុថា ពីជកមាតា បានតាំងឈ្មោះសុទិន្នដ៏មានអាយុថាពីជកបិតា។ លុះដល់សម័យខាងក្រោយមក អ្នកទាំងពីរនោះបានចេញចាកផ្ទះ ហើយបួសក្នុងភេទជាបុគ្គលអ្នកមិនមានប្រយោជន៍ដល់ការងារក្នុងផ្ទះ ហើយបានធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្តផល។
ID: 636774049439183508
ទៅកាន់ទំព័រ៖