ព្រះត្រៃបិដក ភាគ ០១

ព្រះ​សាស្តា​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​ ​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ពាក្យ​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ ​ដែលគេ​ថា​នោះ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​តថាគត​ប្រកាន់​និយាយ​ហាមឃាត់​ថា​ ​មិន​ត្រូវ​អ្នកណាមួយ​ធ្វើ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ឡើយ​ ​តថាគត​តែង​និយាយ​ហាមឃាត់​ថា​ ​មិន​ត្រូវ​អ្នកណាមួយ​ ​ធ្វើ​នូវ​ធម៌​ទាំងឡាយ​ជាអកុសល​ដ៏​អាក្រក់​ច្រើនប្រការ​នោះ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ពាក្យ​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​នោះ​ ​គឺជា​សំដី​ត្រូវ​ត្រង់​ហេតុនេះ​ឯង​ ​ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ​ ​ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ​ ​។​ ​ព្រាហ្មណ៍​ពោល​ថា​ ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ជា​អ្នកពោល​ពាក្យកាត់​ផ្តាច់ផ្តិល​ទេតើ​ ​។​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពិតមែន​ ​មានហេតុ​ជា​ទំនង​ ​គួរឲ្យ​អ្នកផង​គេ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ពាក្យកាត់​ផ្តាច់ផ្តិល​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា​ ​ឲ្យ​សត្វកាត់​ផ្តាច់ផ្តិល​នូវ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​តថាគត​តែង​និយាយ​ថា​ ​ឲ្យ​សត្វកាត់​ផ្តាច់​នូវ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​អាក្រក់​ ​ច្រើនយ៉ាង​នោះ​ចេញ​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636774004250288851
ទៅកាន់ទំព័រ៖