ព្រះត្រៃបិដក ភាគ ០១
ខាងដើមនៃអកុសលធម៌ទាំងឡាយមានប្រមាណច្រើន ហៅថាជាអ្នកផ្តើមធ្វើមុនគេ ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ មិនបណ្តាលឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាឡើយ មិនមែនដឹកនាំជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាថែមឡើងទៀតទេ ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ រមែងបណ្តាលឲ្យកើតសេចក្តីមិនជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា នៅឡើយ ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយ ឲ្យត្រឡប់ទាស់ចិត្តគំនិតទៅវិញ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលសុទិន្នភិក្ខុដ៏មានអាយុដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃការចិញ្ចឹមក្រ ថែទាំរក្សាក្រ ប្រាថ្នាច្រើន មិនសន្តោស ច្រឡូកច្រឡំដោយពួកគណៈ និងសេចក្តីខ្ជិលច្រអូស ទើបទ្រង់សំដែងដោយអនេកបរិយាយនូវគុណនៃការដែលគេចិញ្ចឹមងាយ ការដែលគេថែទាំរក្សាងាយ ប្រាថ្នាតិច សន្តោស ចិត្តផូរផង់ ការកំចាត់បង់នូវកិលេស ការនាំឲ្យកើតសេចក្តីជ្រះថ្លា ការមិនសន្សំ និងការប្រារព្ធព្យាយាម ហើយទ្រង់សំដែងធម្មីកថាដ៏ល្មមសមគួរដល់សិក្ខាបទនោះ ដល់សំវរៈនោះចំពោះភិក្ខុទាំងឡាយ ហើយហៅភិក្ខុទាំងឡាយមក (មានព្រះពុទ្ធដីកា)ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង
ID: 636774052930483199
ទៅកាន់ទំព័រ៖