ព្រះត្រៃបិដក ភាគ ០១
គឺដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីនៅសប្បាយដល់សង្ឃ១ ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយដែលមិនអៀនខ្មាស១ ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់១ ដើម្បីរារាំងអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក១ ដើម្បីញុំាងបុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង១ ដើម្បីញុំាងបុគ្គលទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាច្រើនឡើង១ ដើម្បីឲ្យតំកល់នៅមាំនៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះដល់វិន័យ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងនូវសិក្ខាបទនេះដូច្នេះថា ភិក្ខុណាមួយសេពមេថុនធម្ម (ភិក្ខុនោះ) ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយចំពោះភិក្ខុទាំងឡាយដោយប្រការ យ៉ាងនេះ។
វារៈពោលអំពីរឿងសុទិន្នភិក្ខុ ចប់។
[២១] សម័យនោះ មានភិក្ខុ១រូបប្រលោមលួងមេស្វាដោយអាមិសៈ ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី ហើយសេពមេថុនធម្មនឹងមេស្វានោះ។ លំដាប់នោះ ភិក្ខុនោះស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយចូលទៅកាន់ក្រុងវេសាលីដើម្បីបិណ្ឌបាតក្នុងវេលាព្រឹកព្រហាម។ ក្នុងសម័យនោះ ភិក្ខុទាំងឡាយច្រើនរូបដើរទៅកាន់សេនាសនចារិក ក៏នាំគ្នាចូលទៅត្រង់កន្លែងដែលភិក្ខុនោះនៅ។
ID: 636774053384439164
ទៅកាន់ទំព័រ៖