ព្រះត្រៃបិដក ភាគ ០១
បញ្ញត្តចំពោះតែស្រីមនុស្ស មិនមែនបញ្ញត្តចំពោះសត្វតិរច្ឆានញីទេ។ ភិក្ខុទាំងឡាយនោះពោលថា នែអាវុសោ សិក្ខាបទដែលព្រះអង្គបញ្ញត្តចំពោះស្រីមនុស្ស ក៏ដូចសត្វតិរច្ឆានញីដែរ មិនមែនឬ នែអាវុសោ (អំពើអាក្រក់ដែលអ្នកធ្វើនោះ) ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែអាវុសោ គួរបើដែរ អ្នកឯងបួសក្នុងធម្មវិន័យដែលព្រះដ៏មានព្រះភាគត្រាស់សំដែងល្អហើយ យ៉ាងនេះត្រឡំាង ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដរាបអស់ជីវិតមិនកើត នែអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដើម្បីឲ្យប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ។បេ។ កិរិយារម្ងាប់នូវសេចក្តីក្តៅក្រហាយ អន្ទះអន្ទែងក្នុងកាមទាំងឡាយ ព្រះអង្គទ្រង់សំដែងហើយដោយអនេកបរិយាយ មិនមែនឬ ម្នាលអាវុសោ អំពើអាក្រក់ដែលអ្នកធ្វើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ទេ មិនមែនដឹកនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាថែមទៀតទេ នែអាវុសោ អំពើអាក្រក់ដែលអ្នកធ្វើនេះ រមែងនាំឲ្យកើតសេចក្តីមិនជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយ ឲ្យបាត់ជ្រះថ្លាទៅវិញ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ក៏តិះដៀលភិក្ខុនោះដោយបរិយាយច្រើន ហើយនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។
ID: 636774054133131986
ទៅកាន់ទំព័រ៖