ព្រះត្រៃបិដក ភាគ ០១
ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យផ្តាច់ផ្តិលនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកខ្ពើមរអើមណាស់ទេតើ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះ តថាគតខ្ពើមសេចក្តីប្រព្រឹត្តិអាក្រក់ ដោយកាយ វាចា ចិត្ត តថាគតខ្ពើមសេចក្តីប្រកបចិត្តផ្តេកផ្តិតទៅរកអកុសលធម៌ ទាំងឡាយដ៏អាក្រក់ច្រើនប្រការ (នោះណាស់) ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើមនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកបំផ្លាញទេតើ ។ ព្រះលោកនាថជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះ តថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលបំផ្លាញបង់នូវរាគៈ ទោសៈ មោហៈ
ID: 636774004664062518
ទៅកាន់ទំព័រ៖