ព្រះត្រៃបិដក ភាគ ០១
[២៥] ត្រង់ពាក្យថាណាមួយ អធិប្បាយថា ភិក្ខុជាថេរៈក្តី ភិក្ខុបួសថ្មីក្តី ភិក្ខុកណ្តាលក្តីឯណា គឺថាតាមតែភិក្ខុរូបណាដែលប្រកបក្នុងកម្មយ៉ាងណា មានជាតិយ៉ាងណា មានឈ្មោះយ៉ាងណា មានគោត្រយ៉ាងណា មានប្រក្រតីយ៉ាងណា មានគ្រឿងនៅយ៉ាងណា មានគោចរយ៉ាងណាក៏ដោយ ភិក្ខុនេះតថាគតហៅថា (ភិក្ខុ) ណាមួយ។
[២៦] ត្រង់ពាក្យថា ភិក្ខុ មានវិគ្រោះថា សមណៈណាជាអ្នកសូម សមណៈនោះហៅថាភិក្ខុ។ សមណៈណាចូលទៅអាស្រ័យនូវភិក្ខាចរិយវត្ត សមណៈនោះហៅថាភិក្ខុ។ ជនណាទ្រទ្រង់សម្ពត់ដែលគេកាត់ហើយ ជននោះហៅថាភិក្ខុ។ ជនដែលហៅថាភិក្ខុ ព្រោះហេតុវោហារបញ្ញត្តិថា សមណៈ។ ហៅថាភិក្ខុ ព្រោះបានប្តេជ្ញាខ្លួន។ ហៅថាភិក្ខុ ព្រោះសម្រេចជាឯហិភិក្ខុ។ ហៅថាភិក្ខុ ព្រោះបានឧបសម្បទាដោយសរណគមន៍៣។ ហៅថាភិក្ខុ ព្រោះហេតុជាអ្នកចំរើន។ ហៅថាភិក្ខុ ព្រោះមានសារធម៌។ ហៅថាភិក្ខុព្រោះជាអ្នកសិក្សា។ ហៅថាភិក្ខុ ព្រោះមិនបាច់សិក្សា។ ហៅថាភិក្ខុ ព្រោះបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏សមគួរដល់ហេតុដែលមិនមាន សេចក្តីអន្តរាយ ដោយសង្ឃដែលព្រមព្រៀងហើយ។ បណ្តាភិក្ខុ
ID: 636774056628994742
ទៅកាន់ទំព័រ៖