ព្រះត្រៃបិដក ភាគ ០១
ទាំងនោះ ភិក្ខុណាដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា ដ៏សមគួរដល់ហេតុដែលមិនមានវិបត្តិកំរើក ដោយសង្ឃដែលព្រមព្រៀងហើយ ភិក្ខុនេះ តថាគតសំដៅយកក្នុងអត្ថនេះ។
[២៧] ត្រង់ពាក្យថា សិក្ខា សំដៅត្រង់សិក្ខា៣គឺ អធិសីលសិក្ខា១ អធិចិត្តសិក្ខា១ អធិប្បញ្ញសិក្ខា១ បណ្តាសិក្ខាទាំង៣នោះ សិក្ខាណាដែលហៅថា អធិសីលសិក្ខា សិក្ខានេះ តថាគតសំដៅយកក្នុងសេចក្តីនេះ។
[២៨] ត្រង់ពាក្យថា សាជីវៈ គឺសិក្ខាបទណា ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ សិក្ខាបទដែលព្រះដ៏មានព្រះភាគបានបញ្ញត្តហើយនុ៎ះ ហៅថាសាជីវៈ ភិក្ខុដែលសិក្សាក្នុងសិក្ខាបទ ហៅថាសាជីវៈនោះ តថាគតហៅថា អ្នកដល់ព្រមដោយសាជីវៈដោយហេតុនោះឯង។
[២៩] ត្រង់ពាក្យថា មិនពោលលាសិក្ខា មិនធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ (មានព្រះពុទ្ធភាសិតថា) ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុគ្រាន់តែធ្វើឲ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខាហៅថា ភិក្ខុមិនទាន់ពោលលានៅឡើយក៏មាន។ ម្នាលភិក្ខុទាំងឡាយ
ID: 636774057204747673
ទៅកាន់ទំព័រ៖