ព្រះត្រៃបិដក ភាគ ០១
ហើយបានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតឯងច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ ។ តថាគតរឭកតាមនូវជាតិ ដែលអាស្រ័យនៅពីមុន បានច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជានេះហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជាដំបូងនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹងប្រាកដ ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេសខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវបឋមវិជ្ជានុ៎ះដូច្នោះដែរ ។ ម្នាលព្រាហ្មណ៍ នេះឯងជាបឋមវិជ្ជាដែលតថាគតបានត្រាស់ដឹងហើយ ដូចជាកូនមាន់ញាស់ចេញចាកសម្បកពង ។ កាលដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មងជាចិត្តទន់សមគួរដល់កម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រយ៉ាងនេះហើយ តថាគតទើបបង្អោនចិត្តចូលទៅក្នុងញាណ ដែលនាំឲ្យបានត្រាស់ដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ គឺចុតូបបាតញ្ញាណ ។
ID: 636774011455170947
ទៅកាន់ទំព័រ៖