ព្រះត្រៃបិដក ភាគ ០១
បារាជិកកណ្ឌ សិក្ខាបទ ទី២
[៧៩] សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យនោះ មានភិក្ខុច្រើនរូបជាមិត្តសម្លាញ់ គ្រាន់តែជួបឃើញគ្នាខ្លះ ជាមិត្តសម្លាញ់នៅរួបរួមជាមួយគ្នាខ្លះ ធ្វើកុដិប្រក់ដោយស្មៅក្បែរជើងភ្នំឥសិគិលិ ហើយចាំវស្សា (នៅនោះ)។ មានភិក្ខុ១រូប ឈ្មោះធនិយដ៏មានអាយុជាកូនស្មូនឆ្នាំង ធ្វើកុដិតូចប្រក់ដោយស្មៅ ហើយចាំវស្សានៅនោះដែរ។ គ្រានោះ ភិក្ខុទាំងនោះ លុះចាំវស្សាគ្រប់៣ខែហើយ ក៏រុះរើកុដិស្មៅនោះ ហើយរៀបចំទុកដាក់ស្មៅ និងឈើ (តាមដោយឡែកស្រួលបួល) ហើយចេញទៅកាន់ជនបទចារិក។ ចំណែកខាងឯធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏នៅតែក្នុងទីនោះអស់វស្សានរដូវ ហើយនៅអស់ហេមន្តរដូវ និងគិម្ហរដូវក្នុងទីនោះ (តទៅទៀត)។ គ្រានោះ កាលដែលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ និងពួកអ្នករកឧស នាំគ្នារុះកុដិប្រក់ដោយស្មៅ(របស់ធនិយភិក្ខុ) ហើយប្រមូលយកស្មៅ និងឈើទៅអស់។ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏រកស្មៅ និងឈើមក ហើយសង់កុដិប្រក់ដោយស្មៅជាគំរប់ពីរដង។
ID: 636774094331601207
ទៅកាន់ទំព័រ៖