ព្រះត្រៃបិដក ភាគ ០១

យក​បាយក្រៀម​នោះ​បុក​ក្នុង​ត្បាល់​រួច​នាំគ្នា​ឆាន់​។​ ​ចំណែកខាង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​យក​បាយក្រៀម១នាឡិ​ ​កិន​ក្នុង​ត្បាល់​ថ្ម​ហើយ​យក​ទៅ​ថ្វាយព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ក៏​ទ្រង់​ទទួល​សោយ​បាយក្រៀម​នោះ​។​ ​វេលា​នោះ​ ​ព្រះសម្ពុទ្ធ​ទ្រង់​បានឮ​សូរ​ត្បាល់​ ​និង​អង្រែ​នោះ​ដែរ​។​ ​ព្រះ​តថាគត​ទាំងឡាយ​ ​បាន​ជ្រាប​នូវ​ហេតុ​ហើយ​សួរ​ក៏​មាន​ ​បាន​ជ្រាប​ហើយ​មិន​សួរ​ក៏​មាន​ ​ជ្រាប​ច្បាស់​នូវ​កាលគួរ​ហើយ​សួរ​ក៏​មាន​ ​ជ្រាប​ច្បាស់​នូវ​កាលគួរ​ហើយ​មិន​សួរ​ក៏​មាន​ ​ឯ​ព្រះ​តថាគត​ទាំងឡាយ​ ​ព្រះអង្គ​តែង​សួរ​នូវ​ការ​ណា​ដែល​ប្រកបដោយ​ប្រយោជន៍​ ​កម្ម​ដែល​មិន​ប្រកបដោយ​ប្រយោជន៍​ ​ព្រះអង្គ​មិន​សួរ​ឡើយ​ ​ព្រោះ​ព្រះ​តថាគត​ទាំងឡាយ​ ​ទ្រង់​បាន​ផ្តាច់​បង់​នូវ​កម្ម​មិន​ប្រកបដោយ​ប្រយោជន៍​ ​ទាំងឡាយ​ ​ដោយ​អរិយមគ្គ​ជ្រះស្រឡះ​ហើយ​ ​។​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ដ៏​មានជោគ​ទាំងឡាយ​ ​ទ្រង់​តែង​សួរ​នូវ​ភិក្ខុ​ទាំងឡាយ​ ​ដោយហេតុ​ពីរ​ប្រការ​ ​គឺ​ទ្រង់​សួរ​ដើម្បីនឹង​សម្តែង​នូវ​ធម៌១​ ​ដើម្បីនឹង​បញ្ញត្ត​នូវ​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ១​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ ​ហើយ​ទ្រង់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​សូរសម្លេង​នោះ​ជា​សូរ​ត្បាល់​អង្រែ​ឬអ្វី​។​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបទូល​រឿង​នុ៎ះ​ឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជ្រាប​គ្រប់ប្រការ​។​ ​

ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636774014862395829
ទៅកាន់ទំព័រ៖