ព្រះត្រៃបិដក ភាគ ០១
បារាជិកកណ្ឌ សិក្ខាបទ ទី៣
[១៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងកូដាគារសាលា
(១) ក្បែរព្រៃមហាវន
(២) ទៀបក្រុងវេសាលី
(៣) ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអសុភកថា ទ្រង់សំដែងរៀបរាប់អំពីអសុភ ទ្រង់សំដែងគុណនៃការចំរើនអសុភកម្មដ្ឋាន ទ្រង់សំដែងគុណនៃអសុភសមាបត្តិក្នុងអសុភកម្មដ្ឋានជាញឹកញយ ដោយបរិយាយដ៏ច្រើន។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតចង់គេចចាកអារម្មណ៍ សម្ងំនៅអស់កាលកន្លះខែ (ក្នុងកម្មដ្ឋាន) កុំឲ្យអ្នកណាមួយចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូបជាអ្នកនាំបិណ្ឌបាតទៅឲ្យតថាគត។ ទើបពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ឯវំភន្តេ (យ៉ាងហ្នឹងព្រះអង្គ) តាំងពីកាលនោះមក
(១) សាលា គឺផ្ទះមានកំពូល។ តាមអដ្ឋកថា ថា ក្នុងព្រៃមហាវននោះ គេសាងវត្ត សង់សាលា ធ្វើគន្ធកុដិ សម្រាប់ជាទីប្រថាប់នៃព្រះបរមសាស្តា។ (២) គឺព្រៃធំមួយក្បែរកបិលវស្តុបូរី ជិតជាប់គ្នាមិនមានដាច់នឹងព្រៃហេមពាន្តទៅទល់នឹងមហាសមុទ្រ(ឥណ្ឌា)។ (៣) ឈ្មោះក្រុងរបស់ដែនវជ្ជី ពីដើមមកជាទីក្រុងធំមួយ មានកំពែងព័ទ្ធជុំវិញដល់៣ជាន់។ (សេចក្តីនេះមាននិយាយពិស្តារក្នុងគម្ពីរបរមត្ថជោតិកា អដ្ឋកថាខុទ្ទកនិកាយ)។
ID: 636775516738898896
ទៅកាន់ទំព័រ៖