ព្រះត្រៃបិដក ភាគ ០១
សំណាលទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ កាលដែលវេរញ្ជព្រាហ្មណ៍អង្គុយក្នុងទីដ៏សមគួរហើយ ក៏ផ្តើមពាក្យនេះក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆឹមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះសមណគោតមដ៏ចម្រើន មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆឹមវ័យហើយ ថា សូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន កិច្ច មានមិនសំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណៈ
ID: 636774003102193184
ទៅកាន់ទំព័រ៖