ព្រះត្រៃបិដក ភាគ ០១

ទ្រង់​យក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ជា​បច្ឆាសមណៈ​ ​(​ឲ្យ​និមន្ត​តាម​ក្រោយ​ព្រះអង្គ​ទៅ​)​ ​ទ្រង់​យាង​សំដៅ​ទៅ​រក​លំនៅ​របស់​វេរ​ញ្ជ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ដែលគេ​រៀបចំ​ថ្វាយ​។​ ​គ្រានោះ​ ​វេរ​ញ្ជ​ព្រាហ្មណ៍​ ​ក៏​ចូល​មក​គាល់​ព្រះអង្គ​ ​លុះ​មកដល់​ទី​គំនាល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ដោយ​គោរព​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​កាល​បើ​វេរ​ញ្ជ​ព្រាហ្មណ៍​អង្គុយ​ស្រួលបួល​ហើយ​ ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មាន​ព្រះបន្ទូល​ថា​ ​ព្រាហ្មណ៍​ ​អ្នកឯង​បាន​និមន្ត​យើង​ឲ្យ​នៅចាំ​វស្សា​ ​(​ឥឡូវ​)​ ​ចេញវស្សា​ហើយ​ ​យើង​ត្រូវ​លា​អ្នក​នឹង​ចេញទៅ​កាន់​ជនបទ​ចារិក​។​ ​វេរ​ញ្ជ​ព្រាហ្មណ៍​ ​ក៏​ក្រាបទូល​តប​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មែនហើយ​ ​ខ្ញុំ​ព្រះអង្គ​បាន​និមន្ត​សូមឲ្យ​ព្រះអង្គ​គង់​ចាំវស្សា​ ​តែថា​ទេយ្យធម៌​ដែល​ខ្ញុំ​ព្រះអង្គ​បំរុង​នឹង​ថ្វាយ​នោះ​ ​ខ្ញុំ​ព្រះអង្គ​មិនទាន់​បាន​ថ្វាយ​នៅឡើយ​ ​ឯ​ទេយ្យធម៌​នោះ​ ​មិនមែន​ជា​គ្មាន​ទេ​ ​ខ្ញុំ​ព្រះអង្គ​នឹង​បាន​បំរុង​ថា​នឹង​មិន​ថ្វាយ​នោះ​ក៏ទេ​ ​(​ចេះតែ​ខាន​មិនទាន់​បាន​ថ្វាយ​)​ ​ព្រោះ​ជាតិ​ជា​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះសម្បែង​ ​រមែង​មាន​កិច្ច​រវល់​ច្រើន​ ​មានការ​ងារ​ក៏​ច្រើន​ ​ចំណែកខាង​ព្រះអង្គ​សោត​ ​ទ្រង់​នឹង​បាន​ទេយ្យធម៌​នោះ​មក​ពីណា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ព្រះភិក្ខុ​សង្ឃ​ទទួល​ចង្ហាន់​របស់ខ្ញុំ​ព្រះអង្គ​ក្នុង​ថ្ងៃស្អែក​សិន​ ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​ ​។​ ​

ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636774039118573203
ទៅកាន់ទំព័រ៖