ព្រះត្រៃបិដក ភាគ ០១
[៣២] ម្នាលភិក្ខុទាំងឡាយ សិក្ខាដែលភិក្ខុមិនបានពោលលានោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សិក្ខាដែលភិក្ខុក្នុងសាសនានេះ បានពោលលាហើយដោយអាការ និងភេទ និងនិមិត្តទាំងឡាយណាៗ ភិក្ខុជាមនុស្សឆ្កួត ក៏បានពោលលាសិក្ខាដោយអាការ និងភេទ និងនិមិត្តទាំងឡាយនោះៗដែរ។ សិក្ខា មិនហៅថាភិក្ខុឆ្កួតនោះបានពោលលាឡើយ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលឆ្កួត។ សិក្ខាមិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុមានចិត្តរវើរវាយ ហើយពោលលាសិក្ខា។ សិក្ខា មិនហៅថាភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលមានចិត្តរវើរវាយហើយ។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុដែលវេទនាកំពុងគ្របសង្កត់ ពោលលាសិក្ខា។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលដែលវេទនាកំពុងគ្របសង្កត់។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ទេវតា។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់សត្វតិរច្ឆាន។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាមិលក្ខកជាតិ ដោយអរិយកភាសា។ បើជនជាមិលក្ខកជាតិនោះ មិនដឹងសេចក្តីច្បាស់ទេ សិក្ខាក៏មិនហៅថា ភិក្ខុបានពោលលាទេ។
ID: 636774062490429997
ទៅកាន់ទំព័រ៖