ព្រះត្រៃបិដក ភាគ ១០
បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ ឈ្មោះនេះហើយ សូមសំដែង នូវអាបត្តិនោះចេញ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នឹកឃើញនូវអាបត្តិ បង្ហើបអាបត្តិ ធ្វើអាបត្តិឲ្យងាយ សំដែងអាបត្តិ។ បើកម្មមានកាលដ៏គួរ ដល់សង្ឃហើយ ខ្ញុំត្រូវទទួលនូវអាបត្តិ របស់ភិក្ខុឈ្មោះនេះ។ ភិក្ខុអ្នកទទួលនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែង ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀតចុះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈ ហើយត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។
ID: 636799834546193191
ទៅកាន់ទំព័រ៖