ព្រះត្រៃបិដក ភាគ ១០
[១២៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ មើលមុខនិមិត្ត គឺស្រមោលមុខ ក្នុងកញ្ចក់ខ្លះ ក្នុងភាជនៈទឹកខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវមើលមុខនិមិត្ត ក្នុងកញ្ចក់ ឬក្នុងភាជនៈទឹកទេ ភិក្ខុណាមើល ត្រូវអាបត្តិទុក្កដ។
[១២៦] សម័យនោះឯង មានភិក្ខុ១រូប កើតដម្បៅត្រង់មុខ។ ភិក្ខុនោះ សួរភិក្ខុទាំងឡាយថា ម្នាលលោកមានអាយុ ដម្បៅខ្ញុំ ដូចម្តេចទៅ។ ភិក្ខុទាំងឡាយ ប្រាប់យ៉ាងនេះថា ម្នាលលោកមានអាយុ ដម្បៅលោកដូច្នេះ។ ភិក្ខុនោះមិនជឿ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធ ជាហេតុ តថាគតអនុញ្ញាត ឲ្យភិក្ខុមើលនិមិត្ត ក្នុងកញ្ចក់ ឬក្នុងភាជនៈទឹកបាន។
ID: 636799841220034913
ទៅកាន់ទំព័រ៖