ព្រះត្រៃបិដក ភាគ ១០
[១២៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាផាត់មុខ។ ដុសខាត់មុខ។ ប្រស់មុខ។ ចុចមុខដោយថ្មមនោសិលា។ ធ្វើការលាបខ្លួន។ ធ្វើការលាបមុខ។ ធ្វើការលាបទាំងខ្លួន ទាំងមុខ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផាត់មុខ មិនត្រូវដុសខាត់មុខ មិនត្រូវប្រស់មុខ មិនត្រូវចុចមុខ ដោយថ្មមនោសិលា មិនត្រូវធ្វើការលាបខ្លួន មិនត្រូវធ្វើការលាបមុខ មិនត្រូវធ្វើការលាបទាំងខ្លួន ទាំងមុខទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[១២៨] សម័យនោះឯង មានភិក្ខុ១រូប កើតអាពាធឈឺភ្នែក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធ ជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុផាត់មុខបាន។
ID: 636799841581145567
ទៅកាន់ទំព័រ៖