ព្រះត្រៃបិដក ភាគ ១០
[១៣១] សម័យនោះឯង ភិក្ខុទាំងឡាយរង្កៀសក្នុងសរភ័ញ្ញ គឺការសូត្រដោយប្រែសំឡេង
(១) ។ លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសូត្រសរភ័ញ្ញបាន។
[១៣២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់សំពត់ ដែលគេធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់សំពត់ ដែលគេធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[១៣៣] សម័យនោះឯង ក្នុងសួនរបស់ព្រះរាជា ទ្រង់ព្រះនាមមាគធសេនិយពិម្ពិសារ មានស្វាយផ្លែជាច្រើន។ ព្រះរាជា ទ្រង់ព្រះនាមមាគធសេនិយពិម្ពិសារ ទ្រង់បវារណាថា សូមលោកម្ចាស់ទាំងឡាយ និមន្តឆាន់ផ្លែស្វាយ តាមសប្បាយចុះ។ ពួកឆព្វគ្គិយភិក្ខុ នាំគ្នាបេះផ្លែស្វាយខ្ចីៗឆាន់។
(១) អដ្ឋកថា ថា វត្ថុសម្រាប់សូត្រសរភ័ញ្ញ មាន៣២យ៉ាង មានគរង្គវត្ត ទោហកវត្ត និងគលិតវត្តជាដើម។ ភិក្ខុពេញចិត្ត ចង់សូត្រដោយវត្តបែបណាក៏បាន ប៉ុន្តែត្រូវប្រយ័ត្ន កុំធ្វើបទនឹងព្យញ្ជនៈឲ្យខូច ត្រូវសូត្រដោយន័យ ជាចតុរស្ស សមគួរតាមសណ្តាប់ធ្នាប់របស់សមណៈ។
ID: 636799842789814699
ទៅកាន់ទំព័រ៖