ព្រះត្រៃបិដក ភាគ ១០
ម្នាលភារទ្វាជៈ អ្នកឯងសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថ ព្រោះតែបាត្រឈើ ជារបស់ថោកទាប ក៏យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបំបែកបាត្រឈើនុ៎ះចេញ ហើយធ្វើឲ្យជាចំណែកៗ ហើយឲ្យដល់ភិក្ខុទាំងឡាយ សម្រាប់កិន ធ្វើជាថ្នាំលាបភ្នែក ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បាត្រឈើទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[១៤៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់បាត្រខ្ពស់ និងទាប គឺល្អអាក្រក់ គឺបាត្រធ្វើអំពីមាសខ្លះ ធ្វើអំពីប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បាត្រធ្វើដោយមាស មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយប្រាក់
ID: 636799847766549352
ទៅកាន់ទំព័រ៖