ព្រះត្រៃបិដក ភាគ ១០
[១៥១] សម័យនោះឯង មានបាត្រជាច្រើន តែមិនទាន់មានគ្រឿងរងដំកល់ ភិក្ខុទុកដាក់ក្នុងទីវាលស្រឡះ។ បាត្រទាំងនោះ ក៏រមៀលបែកខូចទៅ ដោយខ្យល់កំបុតត្បូង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងរង ដំកល់បាត្រ
(១) ។
[១៥២] សម័យនោះឯង ពួកភិក្ខុដាក់បាត្រលើទីបំផុតផែនក្តារតាំង
(២) ។ បាត្រក៏រមៀល ទង្គិចបែក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រលើទីបំផុត នៃផែនក្តារតាំងទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៥៣] សម័យនោះឯង ពួកភិក្ខុដាក់បាត្រក្នុងទីបំផុតនៃថ្នាក់
(៣) ។ បាត្រក៏រមៀល ធ្លាក់បែក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រក្នុងទីបំផុត នៃថ្នាក់ទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
(១) តាមអដ្ឋកថា ថា គ្រឿងរងដំកល់បាត្រ ដែលគេធ្វើដោយភ្លុក និងវល្លិ៍ និងផ្តៅជាដើម។ វិមតិវិនោទនីដីកា ថា គ្រឿងរងដំកល់បាត្រ មានសណ្ឋានដូចជាកង ដែលគេធ្វើ ដោយវត្ថុមានភ្លុកជាដើម (ឬនឹងហៅថា រង្វេល ថាទ្រនាប់ ដូច្នេះវិញក៏បាន) ។ (២) អដ្ឋកថា ថា ក្នុងទីបំផុត នៃផែនក្តារតាំង ដែលគេដំកល់ទុកក្នុងរបៀងជាដើម។ ។ (៣) សារត្ថទីបនីដីកា ថា ផែនក្តារតាំង ដែលស្តើង គេធ្វើឲ្យមាំដល់ជើងជញ្ជាំងខាងក្រៅនៃផ្ទះ ហៅថា ថ្នាក់ (ក្តារបែន)។
ID: 636799850146025450
ទៅកាន់ទំព័រ៖