ព្រះត្រៃបិដក ភាគ ១០
បន្តុះបង្អាប់ថា មិនសមបើ ពួកសមណៈ សក្យបុត្តិយ៍ ប្រើប្រាស់បាត្រក្បាលខ្មោច ដូចពួកបិសាចសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បាត្រក្បាលខ្មោចទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវជាអ្នកប្រព្រឹត្តយកវត្ថុបំសុកូលគ្រប់មុខទេ ភិក្ខុណាប្រព្រឹត្តយក ត្រូវអាបត្តិទុក្កដ។
[១៦៤] សម័យនោះឯង ភិក្ខុទាំងឡាយ យកបាត្រដាក់កាកអាមិសៈ ដែលគេចោលខ្លះ ឆ្អឹងខ្លះ ទឹកជាដែលខ្លះ ហើយនាំយកទៅចោល។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ សក្យបុត្តិយ៍ទាំងនេះ ឆាន់ក្នុងបាត្រណា បាត្រនោះឯង ជាកន្ថោររបស់លោក។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវយកបាត្រ ដាក់កាកអាមិសៈ ដែលគេចោលក្តី ឆ្អឹងក្តី ទឹកជាដែលក្តី នាំយកទៅចោលទេ ភិក្ខុណានាំយកទៅចោល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកន្ថោរ។
ID: 636799852779896099
ទៅកាន់ទំព័រ៖