ព្រះត្រៃបិដក ភាគ ១០
[១៦៨] សម័យនោះឯង ភិក្ខុទាំងឡាយដេរចីវរដោយស្លាបមាន់ខ្លះ ដោយចំរៀកឫស្សីខ្លះ។ ចីវរមានថ្នេរមិនល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតម្ជុល។ ម្ជុលទាំងឡាយ ក៏មានច្រែះចាប់។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត បំពង់ម្ជុល។ ច្រែះក៏ចាប់ក្នុងបំពង់ម្ជុលទៀត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យដាក់លំអិតបំពេញ (ក្នុងបំពង់ម្ជុល)។ ច្រែះ ក៏កើតឡើងក្នុងលំអិតទៀត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យបំពេញបំពង់ម្ជុល ដោយលំអិតម្សៅ ដ៏លាយដោយរមៀត។ ច្រែះក៏កើតឡើងក្នុងលំអិតម្សៅដ៏លាយដោយរមៀតទៀត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត លំអិតថ្ម។ ច្រែះក៏កើតឡើង ក្នុងលំអិតថ្មទៀត។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យលាបដោយក្រមួនឃ្មុំ។ ក្រមួនឃ្មុំដែលភិក្ខុលាបហើយ ក៏បែករាត់រាយទៅ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត កំណាត់សំពត់សម្រាប់រុំក្រមួនឃ្មុំ។
ID: 636799854093061208
ទៅកាន់ទំព័រ៖