ព្រះត្រៃបិដក ភាគ ១០

 [​១៧៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើប្រាស់​ស្នាប់ម្រាមដៃ​ ​ដ៏​ខ្ពស់​និង​ទាប​ ​គឺ​ធ្វើ​ដោយ​មាស​ ​និង​ធ្វើ​ដោយ​ប្រាក់​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូចជា​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ស្នាប់ម្រាមដៃ​ខ្ពស់​និង​ទាប​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ស្នាប់ម្រាមដៃ​ ​ធ្វើ​ដោយ​ឆ្អឹង​។​បេ​។​ ​ធ្វើ​ដោយគូ​ថ​ស័ង្ខ​។​
 [​១៧៥​]​ ​សម័យ​នោះ​ឯង​ ​ម្ជុល​ ​កាំបិត​ ​នឹង​ស្នាប់ម្រាមដៃ​បាត់​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​វត្ថុ​សម្រាប់​ដាក់​(​១​)​ ​។​ ​(​លុះ​ដាក់​)​ ​ក្នុង​វត្ថុ​សម្រាប់​ដាក់​ក៏​នៅតែ​រាត់រាយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ថង់​សម្រាប់​ដាក់​ស្នាប់ម្រាមដៃ​។​ ​ខ្សែ​យោគ​ ​មិនទាន់​មាននៅ​ឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ខ្សែ​យោគ​ ​និង​ខ្សែ​សម្រាប់​ចង​។​
​(​១​)​ ​វត្ថុ​ណា​នីមួយ​ ​មាន​ភាជនៈ​ ​និង​ប្រអប់​ជាដើម​ ​(​អដ្ឋកថា​)​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636799856381342090
ទៅកាន់ទំព័រ៖