ព្រះត្រៃបិដក ភាគ ១០
[១៧៦] សម័យនោះឯង ភិក្ខុទាំងឡាយ ដេរចីវរក្នុងទីវាល លំបាកដោយត្រជាក់ និងក្តៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងសម្រាប់ដាក់ឈើស្តឹង បារាំងសម្រាប់ដាក់ឈើស្តឹង។ រោងសម្រាប់ដាក់ឈើស្តឹងមានទីដ៏ទាប។ ទឹកក៏លិច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនក៏របេះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកពូនខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយ ក៏លំបាកនឹងឡើង។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺ ជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ កាលភិក្ខុទាំងឡាយឡើងទៅ ក៏ធ្លាក់មកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។
[១៧៧] សម័យនោះឯង កំទេចស្មៅ ជ្រុះក្នុងរោងឈើស្តឹង។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកទាំងខាងក្នុងខាងក្រៅ ធ្វើឲ្យមានពណ៌ស
ID: 636799856713511089
ទៅកាន់ទំព័រ៖