ព្រះត្រៃបិដក ភាគ ១០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​បន្ទប់​។​ ​បន្ទប់​មាន​ទី​ដ៏​ទាប​។​ ​ទឹក​ក៏​ជោរជន់​លិច​មក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ឲ្យ​ខ្ពស់​ឡើង​។​ ​ខឿន​ក៏​របេះ​ធ្លាក់​ចេញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក​ពូន​ខឿន៣យ៉ាង​ ​គឺ​ខឿន​ឥដ្ឋ១​ ​ខឿន​ថ្ម១​ ​ខឿន​ឈើ១​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នាំគ្នា​ឡើង​ទៅ​ ​បាន​ដោយ​លំបាក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជណ្តើរ៣យ៉ាង​ ​គឺ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​ពួក​ភិក្ខុ​ឡើង​ទៅ​ ​ក៏​ធ្លាក់ចុះ​មក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បង្កាន់ដៃ​។​ ​បន្ទប់​មិនទាន់​មាន​ទ្វារ​ ​បង្អួច​នៅឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សន្ទះទ្វារ​ ​ក្រប​ទ្វារ​ ​ត្បាល់​ ​ឬ​ដំណាប់​ក្រោម​ឈើ​ ​អន្ទាក់​លើ​ ​(​ដំណាប់​លើ​)​ ​សសរ​ ​របស់​សន្ទះទ្វារ​ ​ត្រដោក​ទ្វារ​ ​រនុកទ្វារ​ ​គន្លឹះទ្វារ​ ​មេសោ​ ​ប្រហោង​សម្រាប់​ទាញ​ ​និង​ខ្សែ​សម្រាប់​ទាញ​ ​(​បិទ​បើក​)​។​
 [​១៩៩​]​ ​សម័យ​នោះ​ឯង​ ​កំទេច​ស្មៅ​ ​ក៏​ធ្លាក់ចុះ​មក​ក្នុង​បន្ទប់​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​គាប​ដម្បូល​ ​ហើយ​បូក​លាប​ ​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​ធ្វើឲ្យ​មាន​ពណ៌ស​ ​ពណ៌ខ្មៅ​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636799862628839426
ទៅកាន់ទំព័រ៖