ព្រះត្រៃបិដក ភាគ ១០

និង​លាប​ដោយ​រង់​ ​ធ្វើ​ភ្ញីផ្កា​ ​ភ្ញី​វល្លិ៍​ ​ក្បាច់​ធ្មេញ​មករ​ ​និង​ក្បាច់​មាន​ស្រទាប់៥​។​ ​ទី​បរិវេណ​ក៏​មាន​ភក់ជ្រាំ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​យក​ខ្សាច់​ចាក់​រោយរាយ​ចុះ​។​ ​ដីខ្សាច់​មិន​រាបស្មើ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក្រាលកម្រាល​ថ្ម​។​ ​ទឹក​ក៏​ដក់​នៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រឡាយ​សម្រាប់​បង្ហូរទឹក​។​
 [​២០០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​អាក្រាត​ ​សំពះ​ភិក្ខុ​អាក្រាត​។​ ​ពួក​ភិក្ខុ​អាក្រាត​ ​សំពះ​ភិក្ខុ​មិន​អាក្រាត​។​ ​ពួក​ភិក្ខុ​អាក្រាត​ ​ឲ្យ​គេ​សំពះ​ភិក្ខុ​អាក្រាត​។​ ​ពួក​ភិក្ខុ​អាក្រាត​ ​ឲ្យ​គេ​សំពះ​ភិក្ខុ​មិន​អាក្រាត​។​ ​ពួក​ភិក្ខុ​អាក្រាត​ ​ធ្វើ​បរិកម្ម​ ​ដល់​ភិក្ខុ​អាក្រាត​។​ ​ពួក​ភិក្ខុ​អាក្រាត​ ​ឲ្យ​គេ​ធ្វើ​បរិកម្ម​ ​ដល់​ភិក្ខុ​អាក្រាត​។​ ​ពួក​ភិក្ខុ​អាក្រាត​ឲ្យ​ ​(​របស់​)​ ​ដល់​ភិក្ខុ​អាក្រាត​។​ ​ពួក​ភិក្ខុ​អាក្រាត​ទទួល​ ​(​របស់​)​។​ ​ពួក​ភិក្ខុ​អាក្រាត​ទំពាស៊ី​។​ ​ពួក​ភិក្ខុ​អាក្រាត​បរិភោគ​។​ ​ពួក​ភិក្ខុ​អាក្រាត​លិ​ត​ភ្លក្ស​។​ ​ពួក​ភិក្ខុ​អាក្រាត​ផឹក​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាក្រាត​ ​មិន​ត្រូវ​សំពះ​ភិក្ខុ​អាក្រាត​ ​ភិក្ខុ​អាក្រាត​ ​មិន​ត្រូវ​សំពះ​ ​(​គេ​)​ ​ភិក្ខុ​អាក្រាត​ ​មិន​ត្រូវឲ្យ​គេ​សំពះ​ភិក្ខុ​អាក្រាត​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636799862996480454
ទៅកាន់ទំព័រ៖