ព្រះត្រៃបិដក ភាគ ១០
[២០២] សម័យនោះឯង កំទេចស្មៅ ក៏ធ្លាក់ចុះមកក្នុងរោងភ្លើង។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកលាប ដោយដី ទាំងខាងក្នុង ខាងក្រៅ។បេ។ (តថាគតអនុញ្ញាតឲ្យធ្វើ) ស្បៀងស្នួរចីវរ និងខ្សែស្បៀងចីវរ។
[២០៣] សម័យនោះឯង ពួកភិក្ខុមានសេចក្តីរង្កៀស នឹងធ្វើបរិកម្មខ្នង (ដុសខ្នង) ក្នុងរោងភ្លើងខ្លះ ក្នុងទឹកខ្លះ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទីបិទបាំង៣យ៉ាង គឺទីបិទបាំងដោយរោងភ្លើង១ ទីបិទបាំងដោយទឹក១ ទីបិទបាំងដោយសំពត់១។
[២០៤] សម័យនោះឯង រោងភ្លើងមិនទាន់មានទឹកនៅឡើយ។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើអណ្តូងទឹក។ ច្រាំងអណ្តូង ក៏បាក់ចុះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យក) ខឿន៣យ៉ាងគឺ ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ អណ្តូងទឹកមានទីទាប។ ទឹកក៏ជោរជន់លិច។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
ID: 636799863844778974
ទៅកាន់ទំព័រ៖