ព្រះត្រៃបិដក ភាគ ១០
មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយគិតគ្នាថា ម្នាលអាវុសោ អំពីថ្ងៃម្សិលមិញ ភត្តុទ្ទេសកភិក្ខុ បានចាត់ឲ្យយើងទៅទទួលភត្ត របស់កល្យាណភត្តិកគហបតិ កល្យាណភត្តិកគហបតិ ព្រមទាំងកូនប្រពន្ធ នឹងចូលមកបម្រើ អង្គាសពួកយើងក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយដទៃៗ មុខជានឹងសួររកបាយ រកសម្ល រកប្រេង រកសម្លឧត្តរិភង្គ។ ដោយសេចក្តីសោមនស្សនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនោះ ក៏ដេកមិនលក់ តាមសេចក្តីគាប់ចិត្ត ក្នុងរាត្រី(នោះ)។ គ្រានោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់លំនៅ របស់កល្យាណភត្តិកគហបតិ អំពីព្រឹកព្រហាម។ ទាសីនោះ បានឃើញមេត្តិយភិក្ខុនិងភុម្មជកភិក្ខុកំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនៈ ក្នុងជង្រុក ហើយបាននិយាយពាក្យនេះ នឹងមេត្តិយភុម្មជកភិក្ខុថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយគង់ចុះ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ត្រិះរិះដូច្នេះថា កុំសង្ស័យឡើយ ចង្ហាន់មិនទាន់ស្រេចទេ បានជាគេឲ្យយើងអង្គុយក្នុងជង្រុកសិន។
ID: 636799784117468833
ទៅកាន់ទំព័រ៖