ព្រះត្រៃបិដក ភាគ ១០
មានសេចក្តីត្រិះរិះថា កម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀមនេះ យើងគួរអធិដ្ឋាន ឬគួរវិកប្ប។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបាច់អធិដ្ឋាន មិនបាច់វិកប្ប នូវកម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀមទេ។
[២១៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឆាន់ភោជនក្នុងភាជន៍ពិសេស
(១) សម្រាប់រងចង្ហាន់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ភោជន ក្នុងភាជន៍ពិសេស សម្រាប់រងចង្ហាន់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[២១៨] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ។ កាលដែលភិក្ខុនោះឆាន់ មិនអាចនឹងទប់បាត្រដោយដៃបាន។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភាជន៍ សម្រាប់រង ដែលធ្វើដោយឈើ។
(១) អដ្ឋកថា តុ ឬថាស ដែលធ្វើដោយស្ពាន់ ឬទង់ដែង និងប្រាក់។
ID: 636799867078433929
ទៅកាន់ទំព័រ៖