ព្រះត្រៃបិដក ភាគ ១០

ដើម្បី​ធ្វើ​ដូចម្តេច​។​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​និយាយ​បង្គាប់​ថា​ ​នែ​អាវុសោ​វ​ឌ្ឍៈ​ ​អ្នកឯង​ចូរ​មក​ ​អ្នក​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ត្រូវ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទីនេះ​មិន​កំបាំង​ ​មិន​សមគួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទិស​ណា​ ​ដែល​មិន​មាន​ភ័យ​ ​មិន​មាន​ចង្រៃ​ ​មិន​មាន​ឧបទ្រព​ ​ទិស​នោះ​ ​ក៏​ត្រឡប់ទៅ​ជា​មាន​ភ័យ​ ​មាន​ចង្រៃ​ ​មាន​ឧបទ្រព​វិញ​ ​ខ្យល់​ចេញ​អំពី​ទិស​ណា​ ​ទិស​នោះ​ ​ត្រឡប់ទៅ​ជា​មាន​ខ្យល់​ចូល​វិញ​ ​ទឹក​ ​(​ត្រជាក់​)​ ​ត្រឡប់ទៅ​ជា​ក្តៅ​វិញ​ ​ឥឡូវនេះ​ ​លោកម្ចាស់​ទព្វ​មល្ល​បុត្ត​ ​បាន​ប្រទូស្ត​នឹង​ប្រពន្ធ​ខ្ញុំ​។​ ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​ទទួល​ស្តាប់​ពាក្យ​របស់​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងនោះ​ថា​ ​ករុណា​ ​លោកម្ចាស់​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទីនេះ​មិន​កំបាំង​ ​មិន​សមគួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទិស​ណា​ ​ដែល​មិន​មាន​ភ័យ​ ​មិន​មាន​ចង្រៃ​ ​មិន​មាន​ឧបទ្រព​ ​ទិស​នោះ​ ​ក៏​ត្រឡប់ទៅ​ជា​មាន​ភ័យ​ ​មាន​ចង្រៃ​ ​មាន​ឧបទ្រព​ ​ខ្យល់​ចេញ​អំពី​ទិស​ណា​ ​ទិស​នោះ​ ​ត្រឡប់ទៅ​ជា​មាន​ខ្យល់​ចូល​វិញ​ ​ទឹក​ ​(​ត្រជាក់​)​ ​ត្រឡប់ទៅ​ជា​ក្តៅ​វិញ​ ​ឥឡូវនេះ​ ​លោកម្ចាស់​ទព្វ​មល្ល​បុត្ត​ ​ប្រទូស្ត​នឹង​ភរិយា​របស់ខ្ញុំ​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636799868053589704
ទៅកាន់ទំព័រ៖