ព្រះត្រៃបិដក ភាគ ១០

 [​២២១​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​ត្រាស់​សួរ​ព្រះ​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ថា​ ​ម្នាល​ទព្វៈ​ ​អ្នក​រលឹក​មើល​ ​អ្នក​បាន​ធ្វើអំពើ​យ៉ាងនេះ​ ​ដូច​ជាវ​ឌ្ឍៈ​នេះ​ពោល​មែន​ឬ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ខ្ញុំ​ព្រះអង្គ​ស្រាប់ហើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទៅ​នឹង​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ជា​គំរប់​បីដង​ផង​ថា​ ​ម្នាល​ទព្វៈ​ ​អ្នក​រលឹក​មើល​ ​អ្នក​បាន​ធ្វើអំពើ​យ៉ាងនេះ​ ​ដូច​ជាវ​ឌ្ឍៈ​នេះ​ពោល​មែន​ឬ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ខ្ញុំ​ព្រះអង្គ​ស្រាប់ហើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ទព្វៈ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មិន​ពោល​បណ្តោះ​បណ្តៃ​យ៉ាងនេះ​ទេ​ ​បើ​អំពើ​អ្វី​ ​ដែល​អ្នក​បាន​ធ្វើ​ហើយ​ ​អ្នក​ចូរ​ឆ្លើយ​ថា​ ​ធ្វើ​ហើយ​ ​បើ​អំពើ​ ​ដែល​អ្នក​មិនបាន​ធ្វើ​ទេ​ ​អ្នក​ចូរ​ឆ្លើយ​ថា​ ​មិនបាន​ធ្វើ​ទេ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​តាំង​អំពី​កើតមក​ ​វេលា​ណា​ ​មិនដែល​ស្គាល់​សេព​មេថុនធម្ម​ទេ​ ​សូម្បីតែ​យល់សប្តិ​ ​ក៏​មិនដែល​ឃើញ​ឡើយ​ ​បាច់​និយាយទៅ​ថ្វី​ ​ដល់​ការ​ភ្ញាក់​រលឹក​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636799868321175009
ទៅកាន់ទំព័រ៖