ព្រះត្រៃបិដក ភាគ ១០
ម្នាលអាវុសោវឌ្ឍៈ (ឥឡូវនេះ) អ្នកឃើញសេចក្តីឆ្គាំឆ្គង តាមដោយសេចក្តីឆ្គាំឆ្គង ហើយសំដែងទោស សមគួរតាមដំណើរទោស យើងក៏អត់ទោសនោះដល់អ្នក ម្នាលអាវុសោ វឌ្ឍៈ អ្នកណា បានឃើញសេចក្តីឆ្គាំឆ្គង តាមដោយសេចក្តីឆ្គាំឆ្គង ហើយសំដែងទោស សមគួរតាមដំណើរទោស ដល់នូវសេចក្តីសង្រួមតទៅ នេះជាសេចក្តីចំរើន របស់អ្នកនោះ ក្នុងអរិយវិន័យ។
[២២៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ ឲ្យសង្ឃរាប់អានវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្ងារបាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គ៨ប្រការ គឺឧបាសកមិនព្យាយាម ដើម្បីនឹងឲ្យសាបសូន្យលាភ របស់ភិក្ខុទាំងឡាយ១ មិនព្យាយាម ដើម្បីឲ្យខូចប្រយោជន៍ របស់ភិក្ខុទាំងឡាយ១ មិនព្យាយាម ដើម្បីឲ្យភិក្ខុទាំងឡាយខានបានទីលំនៅ១ មិនជេរប្រទេចភិក្ខុទាំងឡាយ១ មិនញុះញង់ភិក្ខុទាំងឡាយ ឲ្យបែកចាកភិក្ខុទាំងឡាយ១ មិនពោលតិះដៀលព្រះពុទ្ធ១ មិនពោលតិះដៀលព្រះធម៌១ មិនពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្ងារបាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គទាំង៨នេះ។
ID: 636799869634230112
ទៅកាន់ទំព័រ៖