ព្រះត្រៃបិដក ភាគ ១០
ទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ កាលពោធិរាជកុមារ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះអង្គទ្រង់នៅស្ងៀម។ ពោធិរាជកុមារ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះសុគត ទ្រង់ស្តេចយាងជាន់សំពត់ទាំងឡាយ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់បែរព្រះភក្ត្រ ទៅរកព្រះអានន្ទមានអាយុ។ ព្រះអានន្ទមានអាយុ ក៏មានថេរវាចាទៅនឹងពោធិរាជកុមារ យ៉ាងនេះថា បពិត្ររាជកុមារ សូមទ្រង់សារសំពត់ចេញ ព្រះមានព្រះភាគ ព្រះអង្គ មិនទ្រង់ជាន់កម្រាលសំពត់ទេ ព្រះតថាគត ទ្រង់អនុគ្រោះដល់ប្រជុំជនជាខាងក្រោយ។ គ្រានោះ ពោធិរាជកុមារ ទ្រង់ឲ្យសារសំពត់ទាំងឡាយចេញ ហើយទ្រង់ឲ្យក្រាលអាសនៈខាងលើកោកនុទប្រាសាទវិញ។ ព្រះមានព្រះភាគ ស្តេចយាងឡើងកាន់កោកនុទប្រាសាទ ហើយគង់លើអាសនៈ ដែលគេក្រាលស្រេចហើយ ព្រមទាំងភិក្ខុសង្ឃ។ លំដាប់នោះ ពោធិរាជកុមារ បានអង្គាសខាទនីយភោជនីយាហារ (បង្អែមចំអាប)
ID: 636799871705508582
ទៅកាន់ទំព័រ៖