ព្រះត្រៃបិដក ភាគ ១០
ស្រពាប់ស្រពោន ឥតមាននិយាយអ្វីសោះ។ គ្រានោះ ភិក្ខុនីឈ្មោះ មេត្តិយា ចូលទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ។ កាលបើមេត្តិយាភិក្ខុនី និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតបតសោះឡើយ។ មេត្តិយាភិក្ខុនី បាននិយាយពាក្យនេះ ចំពោះមេត្តិយភុម្មជកភិក្ខុ ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផងថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតតប ជាគំរប់បីដងផង។ ទើបមេត្តិយាភិក្ខុនីសួរថា ខ្ញុំព្រះករុណា បានប្រទូស្តនឹងលោកម្ចាស់រាល់អង្គ ដូចម្តេចខ្លះ ហេតុអ្វី បានជាលោកម្ចាស់រាល់អង្គ មិននិយាយនឹងខ្ញុំព្រះករុណា។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ពិតដូច្នោះហើយ ទព្វមល្លបុត្ត កំពុងបៀតបៀនយើង នាងឯងក៏ធ្វើព្រងើយកន្តើយ។ មេត្តិយាភិក្ខុនីសួរថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា នឹងធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី បើនាងប្រាថ្នានឹង (ធ្វើ) ត្រូវក្រាបបង្គំទូល ព្រះមានព្រះភាគ ឲ្យញុំាងទព្វមល្លបុត្តមានអាយុ ឲ្យវិនាសចេញ ក្នុងថ្ងៃនេះឲ្យបាន។ មេត្តិយាភិក្ខុនីសួរថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំនឹងធ្វើដូចម្តេច ចុះអំពើអ្វី ដែលខ្ញុំនឹងអាច
ID: 636799784602616582
ទៅកាន់ទំព័រ៖