ព្រះត្រៃបិដក ភាគ ១០
ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ លំដាប់នោះ នាងវិសាខាមិគារមាតា នាំយកក្អម និងទ្រនាប់សម្រាប់ជូតជើង មានរចនាដូចពកផ្លែឈូក
(១) និងអម្បោស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលក្អមទ្រនាប់ជូតជើង និងអម្បោស ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំម្ចាស់ អស់កាលជាអង្វែងទៅ។ ព្រះមានព្រះភាគ ទ្រង់ទទួលតែក្អម និងអម្បោស។ ព្រះអង្គ មិនទ្រង់ទទួលទ្រនាប់ជូតជើងឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់នាងវិសាខាមិគារមាតា ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ នាងវិសាខាមិគារមាតា កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
(១) ទ្រនាប់សម្រាប់ជូតជើង ដែលគេធ្វើឲ្យមានពក កន្ទួលខ្ពស់ៗឡើង មានអាការដូចគ្រាប់ឈូក ដែលកន្ទួលផុលៗ ឡើងចេញពីផ្លែ។
ID: 636799884877962003
ទៅកាន់ទំព័រ៖