ព្រះត្រៃបិដក ភាគ ១០
ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះទើបតែច្យុតមកអំពីកំណើតនៃគោ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទំពាអៀង ដល់ភិក្ខុអ្នកទំពាអៀង ជាប្រក្រតី ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែភិក្ខុកុំខ្ជាក់អាហារចេញមកខាងក្រៅទ្វារមាត់ ហើយលេបចូលទៅវិញ បើភិក្ខុណា លេបចូលទៅវិញ វិនយធរគប្បីឲ្យភិក្ខុនោះធ្វើតាមធម៌ (សំដែងអាបត្តិចេញ)។
[២៥៥] សម័យនោះឯង មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ គ្រាប់បាយដ៏ច្រើន ក៏ជ្រុសរោយរាយ ក្នុងរោងភត្ត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណសក្យបុត្តិយ៍ កាលបើគេកំពុងប្រគេនបាយ មិនសមបើ មិនទទួលដោយសេចក្តីគោរពសោះ ធម្មតា គ្រាប់បាយមួយគ្រាប់ៗ រមែងញុំាងការងារច្រើន ឲ្យសម្រេចបាន។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ គ្រាប់បាយណា ដែលគេកំពុងឲ្យ ហើយធ្លាក់ចុះ តថាគតអនុញ្ញាតឲ្យភិក្ខុរើសគ្រាប់បាយនោះខ្លួនឯង ហើយឆាន់ចុះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា គ្រាប់បាយនោះ ទាយកគេលះ គឺប្រគេនរួចស្រេចហើយ។
ID: 636799889276213569
ទៅកាន់ទំព័រ៖