ព្រះត្រៃបិដក ភាគ ១០
[២៥៩] សម័យនោះឯង ភិក្ខុទាំងឡាយមានសក់វែង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ អាចនឹងកោរសក់គ្នាទៅវិញទៅមកបានឬទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ អាចនឹងកោរបាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិតកោរ ថ្មសំលៀងកាំបិតកោរ ស្រោមកាំបិតកោរ គ្រឿងស្មាច់ដែលគេធ្វើដោយរោមចៀម និងគ្រឿងប្រដាប់កាំបិតកោរទាំងពួង។
[២៦០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឲ្យគេកាត់ពុកមាត់ (ដោយកន្ត្រៃខ្លះ)។ ទុកពុកមាត់ (ឲ្យវែង)ខ្លះ។ ឲ្យគេធ្វើពុកចង្កាឲ្យវែង ដូចជាពុកចង្កាពពែខ្លះ។ ឲ្យគេធ្វើពុកមាត់ជា៤ជ្រុងខ្លះ។ ប្រមូលជួររោមត្រង់ទ្រូងខ្លះ។ ទុកជួររោមត្រង់ពោះខ្លះ។ ទុកពុកមាត់ឲ្យដូចជាចង្កូមខ្លះ។ ឲ្យគេដករោមក្នុងទីចង្អៀតខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។
ID: 636799890179045208
ទៅកាន់ទំព័រ៖