ព្រះត្រៃបិដក ភាគ ១០
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេកាត់ពុកមាត់ (ដោយកន្ត្រៃ) មិនត្រូវទុកពុកមាត់ ឲ្យវែង មិនត្រូវឲ្យគេធ្វើពុកចង្កាឲ្យវែង (ដូចជាពុកចង្កាពពែ) មិនត្រូវឲ្យគេធ្វើពុកមាត់៤ជ្រុង មិនត្រូវប្រមូលជួររោមត្រង់ទ្រូង មិនត្រូវទុកជួររោមត្រង់ពោះ មិនត្រូវទុកពុកមាត់ឲ្យដូចជាចង្កូម មិនត្រូវឲ្យគេដករោមក្នុងទីចង្អៀត ភិក្ខុណាឲ្យគេដក ត្រូវអាបត្តិទុក្កដ។
[២៦១] សម័យនោះឯង ភិក្ខុមួយរូបកើតដំបៅក្នុងទីចង្អៀត។ លាបថ្នាំមិនជាប់។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មានអាពាធជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យគេដករោមក្នុងទីចង្អៀតបាន។
[២៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើគេឲ្យកាត់សក់ ដោយកន្ត្រៃ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេកាត់សក់ ដោយកន្ត្រៃទេ។ ភិក្ខុណាឲ្យគេកាត់ ត្រូវអាបត្តិទុក្កដ។
ID: 636799890533355473
ទៅកាន់ទំព័រ៖